Freedom of news in the world ,wanted to show the problem in the societies

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Tuesday, May 7, 2013

កែវ រំចង់ ទៅ​វ៉ៃ​នៅ​ថៃ​ចុង​សប្ដាហ៍​​នេះ​


អ្នក​ប្រដាល់​​លំដាប់​ខ្លាំង​របស់​កម្ពុជា កែវ រំចង់ ​ត្រូវ​បាន​គេ​រាយការណ៍​ថា​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​នៅ​ថ្ងៃ​​អាទិត្យ​​ចុង​សប្ដាហ៍​នេះ​ដើម្បី​ចូល​រួម​ប្រកួត​កម្មវិធី​ដ៏​ធំ Thai Fight ប្រចាំ​ប៉ុស្តិ៍​លេខ​៣​ថៃ​​។
លោក កែវ សំអាង ​ជា​ឪពុក​និង​គ្រូ​បង្វឹក​របស់​ កែវ រំចង់ ឲ្យ​ Sabay ដឹង ​ថា​ការ​ចេញ​ដំណើរ​​​គឺ​នៅ​ថ្ងៃ​អាទិត្យ​ទី​១២​ឧសភា ​ហើយ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​​ចន្ទ​ទី​១៣​ឧសភា។ លោក ថា​ការ​ប្រកួត​​ក្នុង​​កម្មវិធី​នោះ ​​​មួយ​ប្រកួត​មាន​៣​ទឹក។ ​បើ កែវ រំចង់ ឈ្នះ​វគ្គ​ដំបូង​នឹង​បន្ត​វាយ​វគ្គ​បន្ទាប់​ទៀត ពោល​​អ្នក​ឈ្នះ​ឡើង​ប៉ះ​អ្នក​ឈ្នះ​រហូត​រក​​​ឃើញ​​ជើង​ឯក​ក្នុង​ថ្ងៃ​តែ​មួយ ​នោះ​តែ​ម្ដង។ ​បើ​ រំចង់ គេ​អាច​​ឈ្នះ​ជើង​ឯក​នៅ​ថ្ងៃ​ដំបូង​នោះ​​​ គេ​នឹង​មិន​ទាន់​ត្រលប់​វិញ​ភ្លាម​ទេ គឺ​ត្រូវ​នៅ​​វាយ​ផ្ដាច់ព្រ័ត្រ​​​ទៀត​ ហើយ​​កម្មវិធី​ចប់​ថ្ងៃ​ទី​១៧​ឧសភា ​ឯណោះ។
ជំនួប​​អន្តរជាតិ​ក្នុង​​ស្រុក កែវ រំចង់ ​តែង​តែ​ធ្វើ​បាន​ល្អ​បំពេញ​ចិត្ត​អ្នក​គាំទ្រ​ជា​និច្ច ដូច​ជា​​ការ​បញ្ឈប់​ជើង​ខ្លាំង​ប្រេស៊ីល​ Adayton ​​នៅ​កម្មវិធី Khmer Fighter ​​ត្រឹម ​ទឹក​ទី​៣​ ​កាល​ពី​ជាង​១០​ថ្ងៃ​មុន​ជា​ដើម។ ​យ៉ាង​ណា​ក្ដី​លោក សំអាង ​​លម្អិត​​ថា​​ កែវ រំចង់ មិន​ធ្លាប់​ទៅ​ប្រកួត​នៅ​ថៃ​ទេ តែ​បើ​នៅ​អឺរ៉ុប​គឺ​ធ្លាប់​ ហើយ​ថែម​ទាំង​​​ឈ្នះ​ខ្សែ​ក្រវាត់​ផង។​ ថ្វី​បើ​​ ​រំចង់ ​មិន​ដែល​ទៅ​វ៉ៃ​នៅ​ថៃ​​ ​តែ​​បើ​វ៉ៃ​ជាមួយ​ថៃ​នៅ​ខ្មែរ​​គឺ​មាន​ជា​រឿយ​ៗ​​​។ ​លោក ​កែវ សំអាង ពិពណ៌នា​​ទៀត​ថា៖​ “​ខ្ញុំ ​មិន​ហ៊ាន​ថា​យ៉ាង​ម៉េច​យ៉ាង​ម៉ា​ទុក​មុន​ទេ​ព្រោះ​ទៅ​ថៃ​​នេះ កម្មវិធី​គេ​​​ដាក់​សុទ្ធ​តែ​​កីឡាករ​​លំដាប់​​ៗ​​ប្រចាំ​​ប្រទេស ​ហើយ​ក្រៅ​ពី​កីឡាករ​ថៃ នៅ​​មាន​មក​ពី​ អឺរ៉ុប អាមេរិក​ខាង​​ត្បូង​អីចឹង​ទៅ​។ ​ខ្លាំង​ប៉ះ​ខ្លាំង ដូច្នេះ​លទ្ធផល​នឹង​ពឹង​លើ​ការ​​​តាំង​ចិត្ត​របស់​ពួក​គេ​រៀង​ៗ​ខ្លួន ហើយ​ខ្ញុំ​ទុក​​​​ចិត្ត​លើ រំចង់ ​​ព្រោះ​តាំង​ពី​​ដើម​មក​ខ្ញុំ​យល់​ចិត្ត​រំចង់.. រំចង់ តស៊ូ​ណាស់​​​“​
កែវ រំចង់ ក្រោយ​ជ័យជម្នះ នា​ពេល​កន្លង​មក ​
ប្រភព ​ដដែល​បន្ត​​​ថា​ រាល់​ថ្ងៃ​នេះ​កីឡាករ​វ័យ​២៤​ឆ្នាំ កែវ រំចង់ ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​ហ្មត់​ចត់ ​ខណៈ​ដែល​កម្លាំង​និង​ស្ថានភាព​កាយ​សម្បទា​​​មិន​មាន​បញ្ហា​គួរឲ្យ​​បារម្ភ​ ​​ឡើយ​។ ​កែវ រំចង់ ជា​ធម្មតា ហ្វឹកហ្វឺន​មួយ​ថ្ងៃ​​​២​ម៉ោង ​តែ​ដើម្បី​ពង្រឹង​​ថ្វី​​ដៃ​ឲ្យ​​ល្អ​ទៀត​នោះ​​ ​​​ប្រមាណ​ជាង​កន្លះ​ខែ​មុន​ចេញ​ទៅ​​​ថៃ​​នេះ រំចង់ បាន​​ហាត់​​បុក​​កាន់​តែ​ច្រើន ​​ទៅ​លើ​បច្ចេកទេស ​និង​កម្លាំង​ស៊ុស ពោល​បន្ថែម​ម៉ោង​ហាត់​​មួយ​ម៉ោង​ទៀត​​រៀង​រាល់​ថ្ងៃ។
កែវ រំចង់​ អាច​ស្ពាយ​ជ័យជម្នះ​មក​ស្រុក​វិញ​ទេ? កុំ​ភ្លេច​​តាម​ដាន​​​​នៅ​ប៉ុស្តិ៍​លេខ៣ ថៃ​ នា​យប់​ថ្ងៃ​ចន្ទ។
អត្ថបទ៖ ប៉ែន សុផាន់ណា​  http://news.sabay.com.kh/articles/415783

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan